តើខ្ញុំត្រូវអធិស្ឋានដោយរបៀបណា?

តើខ្ញុំអាចអធិស្ឋានដោយរបៀបណា?
ខ្ញុំនៅចាំបានថា មានថ្ងៃមួយខ្ញុំមានការព្រួយបារម្ភជាខ្លាំងណាស់អំពីជីវិត។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វី ឬស្វែងរកជំនួយពីពីណា ហើយក៏គ្មាននរណាស្តាប់ខ្ញុំ និងជួយខ្ញុំដែរ។ ដូច្នេះហើយ នៅពេលដែលខ្ញុំគេងលក់ ខ្ញុំត្រូវគេងលក់ជាមួយនឹងបញ្ហា ប៉ុន្តែនៅក្នុងគំនិតរបស់ខ្ញុំ ខ្ញុំបាននឹកចាំអំពីព្រះជាម្ចាស់ ហើយបានក្រោកឡើងអង្គុយចុះអធិស្ឋាន ប៉ុន្តែខ្ញុំគ្មានពាក្យអ្វីដែលត្រូវនិយាយនោះទេ។ ខ្ញុំបានអង្គុយចុះជាមួយនឹងភាពស្ងៀមស្ងាត់ដោយការបិទភ្នែក ប៉ុន្តែដួងចិត្តរបស់ខ្ញុំបានផ្តោតទៅកាន់ព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំជឿយ៉ាងប្រាកដថា ទ្រង់ពិតជាជ្រាបអំពីទុក្ខលំបាករបស់ខ្ញុំ ហើយទ្រង់ក៏កំពុងស្តាប់ខ្ញុំដែរ។
ពេលខ្លះយើងមិនសូវមានការប្រកបជិតស្និតជាមួយនឹងព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងទេ។ យើងចាប់ផ្តើមមានអារម្មណ៍ពិបាកចិត្ត យើងមើលទៅកាន់មិត្តភ័ក្ត សាច់ញាតិ ឬអ្នកដែលយើងស្គាល់ ដើម្បីស្វែងរកជំនួយពីពួកគេ។ នៅពេលដែលគ្រប់យ៉ាងទាល់ច្រកហើយ នោះចុងក្រោយយើងបែរជានឹកចាំអំពីព្រះជាម្ចាស់ទៅវិញ។ រឿងដដែលៗនេះកើតឡើងចំពោះខ្ញុំ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថា
ព្រះទ្រង់តែងតែគង់ជាមួយយើង ហើយចាំស្តាប់យើងជានិច្ច។ ទ្រង់មិនដែលមានបន្ទូលថា ទ្រង់រវល់ពេក រហូតដល់ថ្នាក់គ្មានពេលស្តាប់យើងឡើយ ព្រោះទ្រង់មិនមែនជាមនុស្សដូចយើង។ នៅពេលដែលយើងអធិស្ឋាន នោះព្រះទ្រង់តែងតែស្តាប់ការអធិស្ឋានរបស់យើងជានិច្ច។ ព្រះគម្ពីរបានចែងថា
«ទំនុកដំកើង ១២១:៣-៤ ទ្រង់នឹងមិនឲ្យជើងអ្នករឥលភ្លាត់ឡើយ ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ មើល ព្រះអង្គដែលរក្សាអ៊ីស្រាអែល ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ។»
ខ្ញុំយល់ថា យើងអាចអធិស្ឋាននៅពេលណា និងកន្លែងណាក៏បាន ដូចដែលព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលទៅកាន់ស្រ្តីដែលកំពុងឈរនៅជិតអណ្តូងថា «តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ (យ៉ូហាន ៤:២៤)។»
ការអធិស្ឋានគឺជាកិច្ចការដ៏ចាំបាច់របស់យើង យើងមិនគួរបោះបង់ការអធិស្ឋានឡើយ ប៉ុន្តែចូរធ្វើអោយការអធិស្ឋានក្លាយទៅជាទម្លាប់នៃជីវិតរបស់យើង ព្រោះនោះជាអ្វីដែលព្រះជាម្ចាស់ទ្រង់សព្វព្រះហឬទ័យ។
ថែស្សាឡូនីចទី១ ៥:១៦-១៧ «ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ។ នេះជាព្រះហឫទ័យរបស់ព្រះសម្រាប់យើងនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ពេលការអធិស្ឋានរបស់យើងក្លាយទៅជាទម្លាប់ នោះព្រះជាម្ចាស់ទ្រង់ក៏ប្រទានអោយយើងនូវកិច្ចការមួយសម្រាប់អធិស្ឋានអោយអ្នកដទៃទៀត។ ប្រសិនបើយើងក្រឡេកមើលបរិយាកាសជុំវិញយើង យើងនឹងមើលឃើញមនុស្សជាច្រើនទៀតដែលត្រូវការការអធិស្ឋានពីយើង។ ប៉ុន្តែវានឹងចាប់ផ្តើមនៅក្នុងថ្ងៃនេះ នៅពេលដែលលោកអ្នកអានអត្ថបទនេះចប់ ហើយចាប់ផ្តើមអធិស្ឋាន។
ថ្ងៃនេះ នៅពេលដែលលោកអ្នកអធិស្ឋាន លោកអ្នកប្រហែលជាគ្មានពាក្យអ្វីដែលត្រូវអធិស្ឋានទេ។ លោកអ្នកប្រហែលជាមិនអាចនិយាយជាមួយព្រះជាម្ចាស់បានទេ ប៉ុន្តែខ្ញុំជឿជាក់ថា នៅបន្តិចទៀតលោកអ្នកពិតជាមានរឿងជាច្រើនដែលលោកអ្នកចង់អធិស្ឋានជារៀងរាល់ថ្ងៃ។ អង្គុយចុះដោយសៀមស្ងាត់ ហើយចាប់ផ្តើមទូលថ្វាយព្រះនូវស្ថានភាពដួងចិត្តរបស់លោកអ្នកឥឡូវនេះ។ ប្រសិនបើលោកអ្នកមិនដឹងថា ត្រូវអធិស្ឋានសុំអ្វីទេ នោះចូរយើងអរព្រះគុណព្រះសម្រាប់ថ្ងៃដ៏ស្រស់ស្អាតនេះ ដែលទ្រង់បានប្រទានដល់លោកអ្នក នៅពេលដែលលោកអ្នកភ្ញាក់ឡើង។
សេចក្តីអធិស្ឋាន
ឱព្រះជាម្ចាស់អើយ សូមអរព្រះគុណទ្រង់សម្រាប់ការដាស់ទូលបង្គំនៅព្រឹកនេះ សូមអរគុណចំពោះសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ទ្រង់ សូមអរគុណចំពោះអ្វីគ្រប់យ៉ាងដែលទ្រង់បានប្រទានឱ្យទូលបង្គំដោយឥតគិតថ្លៃនៅក្នុងជីវិតនេះ។ ទូលបង្គំសូមអធិស្ឋាន សូមទូលបង្គំអាចសម្លឹងមើលព្រះភក្រទ្រង់ ហើយរស់នៅក្នុងជីវិតដែលប្រកាសពីភាពល្អឥតខ្ចោះរបស់ទ្រង់។ ទូលបង្គំអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន។