ការអធិស្ឋានអាចផ្លាស់ប្តូរស្ថានភាពរបស់យើងបាន

ការអធិស្ឋានអាចផ្លាស់ប្តូរស្ថានភាពរបស់យើងបាន


សេចក្តីផ្តើម

តើលោកអ្នកកំពុងប្រឈមមុខ នឹងស្ថានភាពដ៏មិនច្បាស់លាស់នៅក្នុងជីវិតមែនទេ? ឬក៏លោកអ្នកចង់អធិស្ឋានអំពីអ្វីមួយ អោយវាកើតឡើង? ឬក៏លោកអ្នកប្រហែលជាកំពុងព្យាយាមចង់ចាកចេញពីទុក្ខលំបាក ប៉ុន្តែការព្យាយាមនោះបែរជាបរាជ័យទៅវិញ។ ប្រសិនបើអ្វីៗទាំងអស់នេះ កំពុងកើតមានឡើងនៅក្នុងជីវិតរបស់លោកអ្នក អត្ថបទខាងក្រោមនេះអាចមានប្រយោជន៍សម្រាប់លោកអ្នក។


ថ្ងៃនេះ ខណៈពេលដែលលោកអ្នកកំពុងអានអត្ថបទនេះ​ លោកអ្នកអាចស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក។ លោកអ្នកមិនដឹងពីរបៀបដោះស្រាយវាទេ ប៉ុន្តែអ្វីដែលលោកអ្នកគិតថាមិនអាចទៅរួច ចូរនឹកចាំថា ព្រះអម្ចាស់អាចធ្វើគ្រប់ការទាំងអស់បាន។ នៅក្នុងគំនិត​របស់មនុស្សអាចគិតថា វាមិនអាចទៅរួចនោះទេ ប៉ុន្តែព្រះជាម្ចាស់មានអំណាចគ្រប់គ្រាន់ដែលអាចធ្វើអ្វីៗទាំងអស់បាន។

លោក George Muller បានមានប្រសាសន៍ថា «ជំនឿមិនកើតឡើងនៅក្នុងកិច្ចដែលអាចធ្វើទៅរួចនោះទេ។ មិនមានសិរីល្អនៃព្រះ នៅក្នុងកិច្ចការដែលមនុស្សអាចធ្វើបាននោះទេ។ ជំនឿចាប់ផ្តើមនៅទីកន្លែងដែលកម្លាំងរបស់មនុស្សមិនអាចធ្វើទៅរួច»។


នៅ​ក្នុង​ព្រះ​គម្ពីរ មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ និង​ការ​ធ្វើ​ឲ្យ​មាន​ជំនឿកើត​ឡើង​វិញ។ នៅពេលដែលលោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់ បាន​ដឹក​នាំ​ជនជាតិអ៊ីស្រាអែល​ចាកចេញ​ពី​ស្រុក​អេស៊ីប កង​ទ័ព​របស់​ផារ៉ោន​បាន​ដេញ​តាម​ពីក្រោយពួក​គេ ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​ខ្លួន។ ពេលដែលធ្វើដណើរ​ទៅ​ដល់​សមុទ្រ​ក្រហម ​ជា​កន្លែង​ដែលមាន​សមុទ្រ​នៅ​ទល់នៅខាង​មុខ ហើយ​កង​ទ័ព​របស់​ផារ៉ោន​ក៏​កំពុងដេញតាមពីក្រោយ។ ​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​កង​ទ័ព​របស់​ស្ដេច​ផារ៉ោន​មក​តាម​ក្រោយ ពួក​គេ​ក៏មានអារម្មណភ័យ​ខ្លាច ហើយ​មាន​អារម្មណ៍​ថា​​គ្មាន​សង្ឃឹម​ទៀតទេ។ ប្រជាជនបាន​ស្រែក​ដាក់​លោក​ម៉ូសេ​ទាំងភាព​អស់​សង្ឃឹម។



ប៉ុន្តែ លោកម៉ូសេ​បាន​ទុក​ចិត្តដល់ព្រះអម្ចាស់ ​ក្នុង​នៅក្នុងស្ថានភាពដ៏លំបាកនេះ។ ហើយ​គាត់​បាន​ចាប់​ផ្ដើម​អធិស្ឋាន​ទៅ​ព្រះ។ ម៉ូសេ​មិន​បាន​តូចចិត្ត បោះបង់ ឬ​ចុះចាញ់​នឹង​ការ​អស់សង្ឃឹម​នោះឡើយ។ ផ្ទុយទៅវិញ ម៉ូសេ​បាន​ដឹកនាំ​ដោយការយកចិត្ត​ទុកដាក់​ចំពោះ​ប្រជាជន​នៅចំពោះ​ព្រះអម្ចាស់ ហើយ​បាន​ផ្តល់​ដំណោះស្រាយ​ដោយ​ភាពស្ងៀមស្ងាត់ ព្រះគម្ពីរបានចែងថា «តែ​ម៉ូសេ​តប​ឆ្លើយ​ថា កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្តី​សង្គ្រោះ​របស់​ព្រះយេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ  ព្រះយេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ»  (និក្ខមនំ ១៤:១៣​-​១៤)។


បន្ទាប់​មក ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ដល់ម៉ូសេ​ឲ្យ​ប្រាប់ដល់​ប្រជាជន​អ៊ីស្រាអែល​ថា «ចូរទៅមុខ»។ លោក​ម៉ូសេ​ក៏លើក​ដំបង​ឡើង ហើយ​លើក​ដៃ​ឡើង​លើ ​សមុទ្រក៏បានញែកទឹកចេញពីគ្នា។ ហើយប្រជាជនបានដើរនៅលើបាតសមុទ្រនៅលើដីស្ងួតទៅត្រើយម្ខាងដោយសុវត្ថិភាព។ ហើយ​ពេល​ដែល​កង​ទ័ព​របស់​ផារ៉ោន​ចង់​ឆ្លង​កាត់​តាម​ផ្លូវ​ដូច​គ្នា ព្រះ​បាន​ត្រលប់​ទឹក ហើយ​កង​ទ័ព​របស់​ផារ៉ោន​ទាំងអស់​ក៏បាន​លិច​ទៅ។

 

ស្រដៀងនេះដែរ ជួនកាលលោកអ្នកអាចស្ថិតនៅក្នុងស្ថានភាពដ៏លំបាកណាមួយ ឬស្ថិតក្នុងកាលៈទេសៈដែលមើលទៅមិនអាចទៅរួច។ ប៉ុន្តែ អ្វី​ដែល​មើល​ទៅ​ដូច​ជា​រញ៉េរញ៉ៃ​សម្រាប់​ជនជាតិ​អ៊ីស្រាអែល ព្រះ​បាន​ប្រែ​ក្លាយ​ទៅ​ជាការអស្ចារ្យ ហើយ​ថ្ងៃ​នេះ​ទ្រង់​ក៏អាច​ធ្វើ​ដូច​គ្នា​សម្រាប់​លោកអ្នកផង​ដែរ។

 

ថ្ងៃនេះ មិនថាលោកអ្នកជួបបញ្ហាអ្វីនោះទេ កុំភ័យខ្លាចឡើយ ត្រូវឈរឲ្យមាំ ហើយដើរទៅមុខទៀត។ លោកអ្នកប​បានធ្វើដំណើរមកឆ្ងាយ​ណាស់ហើយ។ ចូរ​ទុក​ចិត្ត​ដល់ព្រះ ដូច​ជា​ទ្រង់​ជា​អ្នក​មាន​អំណាច។ «ព្រះយេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច » (អេសាយ ៥៨:១១)។ ដូច្នេះ «កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ» (ភីលីព ៤:៦) « ព្រះ​ទ្រង់​ជា​បន្ទាយ​មាំមួន​នៃ​ទូលបង្គំ» (២សាំយូអែល ២២:៣៣) ។ ព្រះទ្រង់សន្យាថា «ចូរ​វិល​មក​ឯ​ទី​មាំមួន​ចុះ នៅ​ថ្ងៃ​នេះ​ឯង អញ​ប្រកាស​ថា អញ​នឹង​សង​ឯង​១​ជា​២» (សាការី ៩:១២)។


សេចក្តីអធិស្ឋាន៖

ព្រះអម្ចាស់អើយ ទូលបង្គំ​មាន​អារម្មណ៍​ក្រៀមក្រំ សោក​ស្តាយ​ណាស់ និងឯកា។ ទូលបង្គំព្យាយាមជាច្រើនលើកច្រើនសារ ប៉ុន្តែគ្មានអ្វីល្អសោះសម្រាប់ទូលបង្គំ។ ទូលបង្គំ​ហត់​នឿយណាស់ព្រះអម្ចាស់អើយ។ សូមទ្រង់បានស្តាប់ការយំសោករបស់ទូលបង្គំផង។ ទូលបង្គំដឹងថាទ្រង់ទតឃើញ និងលឺសំលេងអធិស្ឋានរបស់ទូលបង្គំ។ ទូលបង្គំ​ត្រូវ​ការ​ព្រះអង្គ ទូលបង្គំអរព្រះគុណទ្រង់ ទូលបង្គំត្រូវការ​ជំនួយ​ពីទ្រង់ ហើយ​ទូលបង្គំ​សូម​សរសើរ​ព្រះ​នាម​ទ្រង់​ពេញ​មួយ​ជីវិត​របស់​ទូលបង្គំ។ ទូលបង្គំអធិស្ឋាន នៅក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន។