តើនឹងមានអ្វីកើតឡើងនៅពេលយើងស្លាប់ទៅ ?

សេចក្តីផ្តើម

យើងទាំងអស់គ្នាមានអំណរនៅពេលឃើញវត្តមានរបស់កូនដែលទើបនឹកសម្រាលមកថ្មីៗហើយបានក្លាយជាឪពុកម្តាយគេ​ ប្រាកដណាស់ថានឹងមានសំណើចយ៉ាងរំភើប ត្រេកអរដែលទទួលបានកូន។ ពីព្រោះមានជីវិតថ្មីដែលមានវត្តមានចូលមកក្នុងពិភពលោក គឺទិដ្ឋភាពនេះបាននាំយកនូវភាពសប្បាយរីករាយទៅកាន់អ្នកដែកជាឪពុកម្តាយ​ ប៉ុន្តែផ្ទុយទៅវិញនៅពេលដែលមានមនុស្សជាទីស្រឡាញ់​ ឬក៏មិត្តភក្តិ និងអ្នកជិតខាងបានស្លាប់បាត់បង់ជីវិត យើងប្រាកដជាមានអារម្មណ៍ថាសោកសៅទៅវិញ។ សេចក្តីស្លាប់បានកើតមានឡើងក្នុងជីវិតរបស់មនុស្សយើងគ្រប់ៗគ្នានៅលើផែនដីនេះ ។


តើមានអ្វីកើតឡើងនៅពេលយើងស្លាប់? ព្រោះយើងទាំងអស់គ្នានឹងត្រូវស្លាប់នៅថ្ងៃណាមួយជាមិនខាន

ព្រះបន្ទូលរបស់ព្រះ ក្រឹត្យវិន័យនៅក្នុងទំនុកដំកើង ដែលមានក្នុងគម្ពីរបានផ្តល់នូវចម្លើយដ៏ត្រឹមត្រូវមួយថានឹងមានអ្វីកើតឡើងក្រោយពេលដែលយើងស្លាប់ទៅ ដើម្បីផ្តល់នូវសេចក្តីសង្ឃឹម និងការអភិវឌ្ឍនៅពេលដែលយើងមានជីវិតនៅឡើយប្រសិនបើយើងបានសិក្សាព្រះបន្ទូលព្រះច្បាស់លាស់។

នៅពេលដែលយើងស្លាប់ទៅ រូបរាងកាយរបស់យើងនិងត្រឡប់ ទៅជាធូលីដីវិញក៏ប៉ុន្តែព្រលឹងវិញ្ញាណរបស់យើងនឹងត្រូវបានជំនុំជម្រះនៅចំពោះព្រះវិញ។

នៅក្នុងព្រះគម្ពីសាស្តាជំពូកទី១២:៧ បានចែងមកថា ”ពេលនោះរូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណដែលព្រះ‌ជាម្ចាស់ប្រទានឲ្យក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ។ ដូច្នេះព្រះវិញ្ញាណរបស់យើងនឹងត្រូវបានជំនុំជម្រះនៅចំពោះព្រះជាម្ចាស់។ ហើយនៅក្នុងព្រះគម្ពី ដានីយ៉ែល ១២:២ បានចែងថា ”មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរនឹងរស់ឡើងវិញអ្នកខ្លះនឹងទទួលជីវិតអស់‌កល្បជានិច្ចអ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខព្រមទាំងរងទុក្ខទោសអស់‌កល្បជានិច្ចផង”។


មួយវិញទៀតក្នុងព្រះគម្ពីរ កូរិនថូសទី២ ៥:១០ បានមានសេចក្តីថា: “ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះ‌គ្រិស្តដើម្បីឲ្យម្នាក់ៗទទួលផលតាមអំពើដែលខ្លួនបានប្រព្រឹត្តកាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយទោះបីជាអំពើរនោះល្អឬ អាក្រក់ក្ដី។“


ការជំនុំជម្រះរបស់មនុស្សនៅចំពោះព្រះអាស្រ័យទៅលើជំនឿរបស់យើងទៅកាន់ព្រះយេស៊ូវគ្រីស្ទ

មានមនុស្សមួយចំនួនគិតថាព្រះនឹងវិនិច្ឆ័យយើងរាល់គ្នាតាមរយៈសកម្មភាពប្រចាំថ្ងៃរឺ ចំនួននៃអំពើរល្អដែលយើងប្រព្រឹត្តកន្លងមក ។ ក្នុងខគម្ពីរយ៉ូហាន ១១:២៥-២៦ បានបង្ហាញយ៉ាងជាក់ច្បាស់ថា ការពិតសេចក្តីជំនុំជំរះអាស្រ័យតាមរយៈ តើយើងមានសេចក្តីជំនឿទៅកាន់ព្រះយេស៊ូវគ្រិស្តរឺអត់ ដូចព្រះ‌យេស៊ូវ មានព្រះ‌បន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយដែលប្រោសមនុស្សឲ្យរស់ឡើងវិញខ្ញុំនឹងផ្ដល់ឲ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំទោះបីស្លាប់ទៅហើយ ក៏ដោយក៏នឹងបានរស់ជាមិនខាន។ រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ហើយជឿលើខ្ញុំមិនស្លាប់សោះឡើយតើនាងជឿសេចក្ដីនេះឬទេ?»។


គ្រប់មនុស្សនៅផែនដីនេះដែលមិនទទួលជឿទៅលើព្រះយេស៊ូវនឹងត្រូវទទួលការជំនុំជម្រះកាត់ទោស

នៅក្នុងយ៉ូហាន ជំពូក៣:១៨ បានចែងមកថា ”អ្នកជឿលើព្រះ‌បុត្រាមិនត្រូវទទួលទោសទេរីឯអ្នកមិនជឿបានទទួលទោសរួចស្រេចទៅហើយព្រោះគេពុំបានជឿលើព្រះ‌នាមព្រះ‌បុត្រា តែមួយរបស់ព្រះ‌ជាម្ចាស់”។ មួយវិញទៀតនៅក្នុងខគម្ពី វិវរណៈ ២០:១៥ បានចែងថា”អស់ អ្នកដែលគ្មានឈ្មោះក្នុងបញ្ជីជីវិតក៏នឹងត្រូវបោះទៅក្នុងបឹងភ្លើងដែរ”។

ចំណែករាល់បុគ្គលដែលទទួលជឿព្រះយេស៊ូវ នឹងទទួលបានជីវិតដ៏អស់កល្បនៅស្ថានសួគ៌ នៅពេលព្រះយេស៊ូវត្រូវបានគេឆ្កាង ក្នុងគម្ពីលូកា ២៣:៤៣ ទ្រង់បានមានព្រះបន្ទូលទៅកាន់ចោរដែលគេបានឆ្កាងនៅក្បែរទ្រង់ថា ”ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថាថ្ងៃនេះអ្នកបានទៅនៅស្ថានបរម‌សុខជាមួយខ្ញុំដែរ”។ នៅក្នុងខគម្ពី យ៉ូហាន ៣:១៦ មានសេចក្តីថា “ព្រះ‌ជាម្ចាស់ស្រឡាញ់ មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះ‌បុត្រាតែមួយរបស់ព្រះអង្គមកដើម្បីឲ្យអស់អ្នកដែលជឿលើព្រះ‌បុត្រាមានជីវិតអស់‌កល្បជានិច្ចគឺមិនឲ្យគេវិនាសឡើយ។


តើបងប្អូនទាំងអស់គ្នាគិតយ៉ាងណាចំពោះព្រះយេស៊ូវគ្រីស្ទ? តើអ្នកទាំងអស់គ្នាមានជំនឿលើទ្រង់ដែរឬទេ?


ការអធិស្ឋាន

ឱព្រះវរបិតាដែលជាព្រះនៃកូន សូមទ្រង់បានណែនាំកូន ពីមុនកូនមិនបានស្គាល់ទ្រង់, ប៉ុន្តែថ្ងៃនេះកូនបានស្គាល់ទ្រង់ហើយ។ កូនបានវង្វេងប៉ុន្តែថ្ងៃនេះកូនបានជឿលើទ្រង់ថាទ្រង់បានអត់ទោសបាបរបស់កូន។ ចាប់ពីថ្ងៃនេះទៅកូននឹងដើរតាមផ្លូវរបស់ព្រះយស៊ូដែលជាផ្លូវនៃសេចក្តីពិត ហើយកូននឹងទុកចិត្តព្រះអង្គពីព្រោះកូនដឹងថាព្រះអង្គទ្រង់បានលះបង់ជីវិតសុគតនៅលើឈើឆ្កាងហើយទ្រង់មានព្រះជន្មរស់ឡើងវិញសម្រាប់អោយកូនរួចពីអំពើរបាប។ កូនសូមអរគុណដល់ព្រះយេស៊ូវគ្រីស្ទ។ កូនសូមអធិស្ឋានក្នុងព្រះនាមអម្ចាស់ព្រះយេស៊ូគ្រីស្ទ អាម៉ែន!