ដំណោះស្រាយចំពោះភាពឯកា

សេចក្តីផ្តើម
ទោះបីជាមានមនុស្សជាច្រើននៅជុំវិញខ្លួនយើងក៏ដោយ ក៏ពេលខ្លះយើងមានអារម្មណ៍ថាឯកា ដែលវានៅកប់យ៉ាងជ្រៅក្នុងព្រលឹងរបស់យើង ដែលគ្មាននរណាម្នាក់នៅខាងយើង ហើយអាចយល់បាន។ តាមពិតទៅមិនដូច្នោះទេ លោកអ្នកភ្លេចហើយថា មានម្នាក់ដែលស្គាល់លោកអ្នក ហើយជ្រាបពីបញ្ហារបស់លោកអ្នក ព្រមទាំងយកព្រះទ័យទុកដាក់ ចំពោះលោកអ្នក។ សូមអោយលោកអ្នកបានអានខព្រះគម្ពីរដ៏អស្ចារ្យខាងក្រោមនេះ៖
១. ព្រះអម្ចាស់ទ្រង់ស្តាប់រាល់ទាំងសម្លេងយំសោករបស់យើងពេលយើងមានបញ្ហា
ទំនុកតម្កើង ៣៤:១៧-១៨ បានសរសេរឡើងសម្រាប់លោកអ្នក និងខ្ញុំ៖
«ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ាទ្រង់ទទួលស្តាប់ ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្តីលំបាករបស់គេ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប»។
ទំនុកតម្កើង ២៥:១៦-១៨ បានចែងថា៖
«សូមទ្រង់បែរមកមានសេចក្តីមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្តីវេទនា សេចក្តីទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង ឱសូមនាំទូលបង្គំចេញពីទុក្ខលំបាកនៃទូលបង្គំ សូមពិនិត្យមើលសេចក្តីវេទនា និងសេចក្តីនឿយព្រួយរបស់ទូលបង្គំ ហើយអត់ទោសអស់ទាំងបាបរបស់ទូលបង្គំ»។
ព្រះអម្ចាស់ទ្រង់តែងតែស្តាប់រាល់ទាំងពាក្យដែល យើងអធិស្ឋានជានិច្ច»។
២. ព្រះទ្រង់គង់ជាមួយយើងជានិច្ច
ពេលខ្លះយើងគិតថា ព្រះទ្រង់គង់នៅឆ្ងាយពេក ប៉ុន្តែតាមពិតព្រះអម្ចាស់ទ្រង់យាងទៅជាមួយយើងពេញមួយជីវិតរបស់យើង។
លោកអ្នកមិននៅម្នាក់ឯងទេ
ទំនុកតម្កើង ២៣:៤ បានចែងថា «អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ»។
ម៉ាថាយ ២៨:២០ ក៏បានចែងផងដែរថា៖
«ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។
៣. ព្រះកំពុងជួយលោកអ្នក
ជារឿងមួយដ៏អស្ចារ្យខ្លាំងណាស់ ដែលព្រះជាម្ចាស់ទ្រង់តែងតែស្តាប់សម្លេងយំសោករបស់យើង ហើយយាងទៅជាមួយយើងជានិច្ច ប៉ុន្តែការនោះមិនបានបញ្ចប់ត្រឹមប៉ុណ្ណឹងឡើយ។
ព្រះគម្ពីរអេសាយ ៤១:១០ បានចែងថា
«កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ»។
ហើយព្រះគម្ពីរ ចោទិយកថា ៣១:៨ ក៏បានចែងផងដែរថា៖
«គឺព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ»។
ព្រះអម្ចាស់ទ្រង់កំពុងបង្រៀនយើង និងហ្វឹកហ្វឺនយើង យើងមិននៅតែម្នាក់ឯងទេ យើងអាចទុកចិត្តព្រះពេញទី ដែលទ្រង់ស្រលាញ់យើងជាខ្លាំង។