ខ្ញុំកំពុងត្រូវបានគេក្បត់

តើលោកអ្នកធ្លាប់ត្រូវបាននរណាម្នាក់ធ្វើអោយខកចិត្តដែរឬទេ? ឬក៏ត្រូវបានគេក្បត់ ដោយមនុស្សដែលលោកអ្នកទុកចិត្តខ្លាំង? វាពិតជាឈឺចាប់ ដែលលោកអ្នកត្រូវការពេលវេលាដើម្បីព្យាបាលវា។ ដួងចិត្តរបស់លោកអ្នកត្រូវខ្ទេចខ្ទាំ ដោយព្រោះតែទំនុកចិត្តរបស់លោកអ្នកត្រូវបានបំផ្លាញ។
ប្រហែលជាពេលនេះ លោកអ្នកគិតថាមនុស្សទាំងអស់គឺសុទ្ធតែដូចគ្នាហើយមើលទៅ? ហើយវាឈឺចាប់ណាស់ នៅពេលដែល វាបណ្តាលមកពីទំនាក់ទំនងនោះ។ ប្រហែលជាលោកអ្នកទទួលបានការឈឺចាប់ ដោយសារដៃគូររបស់លោកអ្នកក្បត់លោកអ្នកយ៉ាងអាក្រក់ ឬក៏ប្រហែលជាមិត្តភក្តិដ៏ស្និទ្ធស្នាល ដែលលោកអ្នកទុកចិត្តបំផុត ក្បត់លោកអ្នក។ លោកអ្នកបាត់បង់ទំនុកចិត្ត ហើយសន្យានៅក្នុងចិត្តថា នឹងមិនអត់ទោសអោយមនុស្សនោះបានទេ។ ដំណាក់កាលនៃការអត់ទោស កើតឡើងបន្ទាប់ពីទទួលរងនូវការឈឺចាប់ជាបន្តបន្ទាប់។ ហេតុអ្វីបានជាលោកអ្នក ពិបាកនៅក្នុងការអត់ទោសដល់ពួកគេ? ប៉ុន្តែពាក្យនៃការអត់ទោស មាននៅក្នុងព្រះគម្ពីរ ទំនុកដំកើង និងដំណឹងល្អ អាចធ្វើអោយលោកអ្នកងាយស្រួលនៅក្នុងការអត់ទោសដល់ពួកគេបាន។
អត់ទោស នោះលោកអ្នកនឹងទទួលបានការអត់ទោសដូចគ្នា
ក្នុងនាមជាមនុស្ស យើងម្នាក់ៗមិនល្អឥតខ្ចោះទេ។ លោកអ្នកក៏អាចប្រព្រឹត្តអំពើបាបបានផងដែរ ហើយក៏ត្រូវការការអត់ទោសពីព្រះជាម្ចាស់។ ប៉ុន្តែ លោកអ្នកនឹងមិនទទួលបានការអត់ទោសពីព្រះជាម្ចាស់នោះទេ ប្រសិនបើលោកអ្នកមិនចេះអត់ទោសដល់អ្នកដទៃ។ នៅក្នុងព្រះគម្ពីរ ម៉ាថាយ ៦:១៤-១៥ តែដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ។ ដូច្នេះប្រសិនបើលោកអ្នកចង់ទទួលបានការអត់ទោសពីព្រះជាម្ចាស់ នោះលោកអ្នកត្រូវចេះអត់ទោសដល់អ្នកដទៃទៀតដែរ។
ដោយការអត់ទោសដល់អ្នកដទៃនឹងធ្វើអោយលោកអ្នកមានសេរីភាព
នៅពេលដែលលោកអ្នកត្រូវបានគេក្បត់ លោកអ្នករកមិនឃើញកន្លែងដែលផ្តល់ដល់លោកអ្នកនូវសេចក្តីសុខសាន្តនោះទេ។ រឿងតែមួយគត់ដែលស្ថិតនៅក្នុងគំនិតរបស់លោកអ្នក គឺការឈឺចាប់។ ប្រហែលជាលោកអ្នកចង់សងការស្អប់ ដោយការស្អប់។ ប៉ុន្តែខ្ញុំចង់ប្រាប់ដល់លោកអ្នកថា ប្រសិនបើលោកអ្នកចង់ចាកចេញពីស្ថានភាពនោះ សូមលោកអ្នកអត់ទោសដល់អ្នកដែលធ្វើអោយលោកអ្នកឈឺចាប់ ហើយអ្នកដែលធ្វើអោយលោកអ្នកមិនសប្បាយចិត្ត។ នៅពេលដែលោកអ្នកមិនអត់ទោសដល់ពួកគេ នោះលោកអ្នកមិនមានសេរីភាពចេញពីអារម្មណ៍ នៃការស្អប់ ការចងកំហឹងឡើយ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ទទួលបានអារម្មណ៍ពេញដោយសេចក្តីសុខសាន្តនៅក្នុងជីវិត នោះលោកអ្នកត្រូវចេះអត់ទោសដល់ពួកគេ នោះលោកអ្នកនឹងមានសេរីភាពហើយ។
វាហាក់ស្តាប់មើលទៅដូចជាអយុត្តិធម៌ណាស់ ដែលលោកអ្នកត្រូវអត់ទោសដល់ពួកគេ បើទោះបីពួកគេមិនដឹងកំហុស ហើយមិនបានសុំទោសលោកអ្នកក៏ដោយ។ តាមពិតទៅ នោះគឺជាអ្វីដែលព្រះយេស៊ូវទ្រង់ធ្វើជាគំរូដល់យើង។ ទ្រង់បានសុគតជំនួសយើង ទ្រង់បានអត់ទោសបាបអោយយើង ទោះជាយើងជាមនុស្សមានបាបក៏ដោយ។ ទ្រង់បង្រៀនដល់យើង អោយសងការអាក្រក់ ដោយក្តីស្រលាញ់។ វាហាក់ដូចជាអយុត្តិធម៌ ប៉ុន្តែនៅពេលដែលោកអ្នកធ្វើ នោះលោកអ្នកមានអំណាចនៃព្រះជាម្ចាស់ជាមួយលោកអ្នក ហើយវាជាជម្រើសដ៏ល្អបំផុតនៅក្នុងពិភពលោកនេះ។
ការអធិស្ឋាន
ឱព្រះអម្ចាស់អើយ ទូលបង្គំអរព្រះគុណទ្រង់ ដែលទ្រង់បានអត់ទោសឱ្យទូលបង្គំ។ ទ្រង់ក៏បានបង្រៀនដល់ទូលបង្គំ អំពីភាពចាំបាច់សម្រាប់ទូលបង្គំ ក្នុងការអត់ទោសដល់អ្នកដទៃ។ ព្រះទ្រង់ជ្រាបពីបញ្ហាដែលទូលបង្គំកំពុងឆ្លងកាត់។ សូមទ្រង់បានផ្តល់កម្លាំងចិត្តដល់ទូលបង្គំ ដើម្បីអត់ទោសដល់អ្នកដែលធ្វើអោយទូលបង្គំឈឺចាប់។ អាម៉ែន!