ការចេះអត់ទោសនៅក្នុង
ទំនាក់ទំនងអាពាហ៍ពិពាហ៍

ការអត់ទោសនៅក្នុងការរក្សានៅទំនាក់ទំនងអាពាហ៍ពិពាហ៍ពិតជាមានសារៈសំខាន់ណាស់។ ដោយសារតែគ្មានមនុស្សណាល្អឥតខ្ចោះនោះទេ ហើយដៃគូរទាំងសងខាងត្រូវចូលរួមជាមួយគ្នាក្នុងការដោះស្រាយបញ្ហា និងទទួលយកភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន នៅពេលដែលពួកគេស្ថិតនៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ ព្រមទាំងមានទំនួលខុសត្រូវក្នុងការថែរក្សាទំនាក់ទំនងនោះអោយបានល្អប្រសើរ។
លោកអ្នកតែងតែមានការអាក់អន់ចិត្តនឹងគ្នា ដោយព្រោះតែរឿងតូចតាចរបស់ដៃគូររបស់លោកអ្នក ព្រោះវាខុសនឹងការរំពឹងទុករបស់លោកអ្នក។ លោកអ្នកត្រូវការពេលវេលាដើម្បីស្វែងយល់ពីគ្នា ហើយជារឿយៗលោកអ្នកត្រូវអត់ទោសអោយដៃគូរបស់លោកអ្នក ដើម្បីអាចធ្វើដំណើរបន្តទៅមុខទៀតបាន។
តើលោកអ្នកកំពុងកំពុងប្រឈមមុខនឹងការអាក់អន់ចិត្តនឹងគ្នា នៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍របស់លោកអ្នកមែនដែរឬទេ? តើលោកអ្នកមិនមានសុភមង្គលនៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកមែនទេ? តើលោកអ្នកកំពុងគិតថា លោកអ្នកមិនយល់ចិត្តគ្នាបានមែនទេ? ខាងក្រោមនេះមានគន្លឹះមួយចំនួនអាចជួយដល់ទំនាក់របស់លោកអ្នកបាន។
ទទួលយកភាពអវិជ្ជមានរបស់ដៃគូ
ការអត់ទោសនៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ពិតជាមានសារៈសំខាន់ណាស់ មានន័យថាលោកអ្នកកំពុងផ្លាស់ប្តូរអារម្មណ៍ សេចក្តីប៉ងប្រាថ្នា គំនិត សកម្មភាពចំពោះដៃគូរបស់លោកអ្នក។ ហើយការផ្លាស់ប្តូរនេះមានន័យថាលោកអ្នកកំពុងដកនូវអ្វីដែលជាភាពអវិជ្ជមានចេញ ដូចជា ភាពជូរចត់ កំហឹង ការឈ្លោះប្រកែក ការសងសឹក ការស្អប់ ហើយជំនួសមកវិញនូវភាពវិជ្ជមានចំពោះដៃគូររបស់លោកអ្នក។
អេភេសូរ (៤:៣១-៣២) ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ។
ព្រះជាម្ចាស់បានអត់ទោសអំពើបាបរបស់លោកអ្នក ព្រមទាំងការរំលងរបស់លោកអ្នក ដើម្បីអោយលោកអ្នកអាចអត់ទោសដល់អ្នកដទៃដែរ។ ចូរចាប់ផ្តើមអត់ទោសដល់ដៃគូររបស់លោកអ្នក ដើម្បីធ្វើអោយដួងចិត្តរបស់លោកអ្នកបានប៉ះពាល់ ជាមួយនឹងអាកប្បកិរិយាវិជ្ជមានរបស់លោកអ្នក។ លោកអ្នកនឹងមើលឃើញទំនាក់ទំនងដៃគូរបស់លោកអ្នកកាន់តែរឹងមាំ ហើយមានសុភមង្គលជាមុនជាមិនខាន។
ការអត់ទោសគឺជាអាថ៌កំបាំងនៃទំនាក់ទំនងដែលប្រកបដោយសុខភាពល្អ
ទំនាក់ទំនងរបស់លោកអ្នកអានមានសុខភាពល្អទៅបាន ក៏ព្រោះតែលោកអ្នកចេះអត់ទោសអោយគ្នាទៅវិញទៅមក។ ប៉ុន្តែជាការពិតនោះ វាពិបាកណាស់ នៅក្នុងការសុំទោស ឬអត់ទោស។ ប៉ុន្តែចូរចាំថាលោកអ្នកត្រូវរៀបចំខ្លួនសម្រាប់ការទាំងពីរនេះ ពីព្រោះទំនាក់ទំនងរបស់លោកអ្នកគឺសំខាន់ភាពប្រសើររបស់ខ្លួនឯង ពីព្រោះលោកអ្នកត្រូវថែរក្សាទំនាក់ទំនងដែលព្រះជាម្ចាស់បានបង្កើតមក។ ប៉ុន្តែការអត់ទោសមិនមែនត្រឹមតែជាឈ្មោះនៃការរក្សានូវសុភមង្គលប៉ុណ្ណោះទេ តែជាការល្អដែលលោកអ្នកត្រូវធ្វើចំពោះខ្លួនឯងដើម្បីឆ្លងកាត់ដំណើរការនៃការអត់ទោស។
ពង្រឹងចំណងអាពាហ៍ពិពាហ៍របស់លោកអ្នក ដោយការអត់ទោសអោយគ្នាទៅវិញទៅមក ដោយសារតែព្រះជាម្ចាស់បានអត់ទោសដល់លោកអ្នកដែរ។ ការអត់ទោសបាននាំមកនូវ ការស្តារខ្លួនលោកអ្នកឡើងវិញ និងទំនាក់ទំនងរបស់លោកអ្នក។
សេចក្តីអធិស្ឋាន
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណទ្រង់ចំពោះដៃគូដែលទ្រង់បានប្រទានដល់ទូលបង្គំក្នុងជីវិតរបស់ទូលបង្គំ ហើយទូលបង្គំសូមអធិស្ឋានឱ្យទ្រង់បានដកនូវរាល់ទាំងបញ្ហាទាំងអស់ចេញពីទំនាក់ទំនងអាពាហ៍ពិពាហ៍របស់ទូលបង្គំផង។ ហើយជួយអោយទូលបង្គំអាចចេះអភ័យទោសឱ្យគ្នាទៅវិញទៅមក និងពង្រឹងទំនាក់ទំនងរបស់ទូលបង្គំឡើងវិញ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន។