ចូរ​វិលត្រឡប់​មក​ឯ​ព្រះ​យេស៊ូវគ្រីស្ទវិញ

Hopeless

នៅពេលដែលលោកអ្នកដើរជាមួយព្រះ ពិតណាស់ ផ្លូវនេះមិនងាយស្រួលនោះទេ។ វាដូចជាផ្លូវឡើងភ្នំដ៏លំបាកមួយ ដែលមានផ្លូវចោត ផ្លូវបត់បែន មានអ័ព្ទ ចំណោត​ខ្ពស់ៗជាដើម។ ហើយនោះហើយជាអ្វីដែលព្រះបន្ទូលបានប្រាប់យើងថា ម៉ាថាយ ៧:១៣-១៤ ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្តី​ហិនវិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ។

 

បើមានរឿងបែបនោះកើតឡើងចំពោះលោកអ្នកមែន ជាហេតុដែលអាចធ្វើអោយជីវិតលោកអ្នកអាចប្រែក្លាយពីជីវិតដ៏ល្អ ទៅជាជីវិតដ៏អាក្រក់បាន។ ប៉ុន្តែចូរលោកអ្នកដឹងថា ទ្វារនៃការអត់ទោសរបស់ព្រះជាម្ចាស់តែងតែបើកចំហសម្រាប់លោកអ្នកជានិច្ច។ ពីព្រោះទ្រង់ស្រលាញ់លោកអ្នក ពេលដែលលោកអ្នកលន់តួនូវកំហុស និងអំពើបាប ហើយវិលត្រឡប់មកឯទ្រង់វិញ ពិតណាស់ទ្រង់ពិតជាអត់ទោសដល់លោកអ្នក។​

 

មានរឿងប្រៀបប្រដូចមួយអំពីកូនពៅវង្វេងដែលចាយខ្ជះខ្ជាយទ្រព្យសម្បត្តិរបស់ឪពុក នៅក្នុងព្រះគម្ពីរ លូកា ១៥:១១-៣២។ ព្រះយេស៊ូវបានចែកចាយរឿងប្រៀបប្រដូចនេះជាមួយនឹងពួកសិស្សរបស់ទ្រង់។ រឿងកូនពៅវង្វេងនេះចាប់ផ្តើមពីបុរសម្នាក់ដែលមានកូនប្រុសពីរនាក់។ កូនប្រុសពៅរបស់គាត់សុំឪពុកចែកទ្រព្យសម្បត្តិដែលជាចំណែកមរតករបស់គាត់។​ ពេលដែលគាត់បានទទួលចំណែកទ្រព្យសម្បត្តិនោះហើយ កូនពៅក៏បានធ្វើដំណើរទៅស្រុកឆ្ងាយភ្លាម ហើយក៏ចាប់ផ្តើមចាយវាយខ្ជះខ្ជាយទ្រព្យសម្បត្តិដែលឪពុកបានចែកអោយរហូតអស់រលីង។

 

ពេលចាយវាយអស់ហើយ គ្រោះ​ទុរ្ភិក្ស​ដ៏ធំនៅប្រទេសនោះក៏កើតមានឡើង ដែលធ្វើអោយកូនពៅធ្លាក់ខ្លួនតោកយ៉ាក។ គាត់គ្មានការងារធ្វើ រហូតសុំគេធ្វើការងារជាអ្នកចិញ្ចឹមជ្រូក។ ស្ថានភាពកាន់តែលំបាកទៅៗ រហូតដល់គាត់គ្មានអ្វីបរិភោគ ហើយចង់បរិភោគបាយជ្រូក។

 

ទីបំផុតកូនពៅ មានចិត្តនឹកនាដល់ឪពុកខ្លួនដែលមានអ្វីៗគ្រប់យ៉ាង។ ដោយចិត្តបន្ទាបខ្លួន គាត់បានទទួលស្គាល់នូវកំហុស និងភាពល្ងង់ខ្លៅរបស់គាត់ ហើយសម្រេចចិត្តវិលត្រឡប់ទៅរកឪពុកវិញ ព្រមទាំងសុំឲ្យឪពុករបស់គាត់បានអត់ទោស និងផ្តល់សេចក្តីមេត្តាករុណាដល់គាត់។ ឪពុកដែលកំពុងរង់ចាំកូនពៅ ហើយស្វាគមន៍គាត់ដោយដៃបើកចំហរដោយក្តីមេត្តា។ គាត់ត្រេកអរណាស់ ចំពោះការវិលត្រឡប់មកវិញរបស់កូនពៅ ដែលបានបាត់បង់។ ភ្លាមៗនោះ ឪពុកប្រាប់ដល់អ្នកបម្រើ អោយពួកគេបានរៀបចំម្ហូបអារហារល្អៗជាច្រើន ដើម្បីអបអរការវិលត្រឡប់មកវិញរបស់កូនពៅរបស់គាត់។

 

អ្វីដែលខ្ញុំចង់ចែកចាយទៅកាន់លោកអ្នកបងប្អូនអំពីសាច់រឿងនេះ។ ប្រសិនបើលោកអ្នកគិតថា​ ព្រះជាម្ចាស់នឹងមិនទោសចំពោះអំពើបាប និងកំហុសដែលលោកអ្នកបានធ្វើទេ ការនោះជាការដែលអារក្សបានប្រាប់ដល់លោកអ្នកទេ។ ប្រសិនបើលោកអ្នកកែប្រែចិត្ ហើយវិលបែរមករកព្រះជាម្ចាស់វិញ នោះពិតណាស់ព្រះជាម្ចាស់ទ្រង់ពិតជាអត់ទោសដល់លោកអ្នកជាប្រាកដ។

 

ព្រះគម្ពីរបានចែងថា ១យ៉ូហាន ១:៩ បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។

 

សេចក្តីអធិស្ឋាន

ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមឲ្យសេចក្តីល្អ និងសេចក្តីមេត្តាករុណារបស់ទ្រង់បានតាមទូលបង្គំពេញមួយជីវិតរបស់ទូលបង្គំ។ ឱព្រះអម្ចាស់អើយ សូមស្តាប់ការយំសោករបស់ទូលបង្គំនៅថ្ងៃនេះ នៅពេលទូលបង្គំស្រែកទៅកាន់ទ្រង់ដោយសេចក្តីជំនឿ អំពីបញ្ហានេះ សូមទ្រង់បានបង្ហាញសេចក្តីមេត្តាករុណាដល់ទូលបង្គំផង។ ទូលបង្គំអធិស្ឋាននៅក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន!