ប្រាំជំហានយកឈ្នះភាពថប់បារម្ភ

សេចក្តីផ្តើម
តើលោកអ្នកធ្លាប់ក្រឡេកមើលជីវិតកាលនៅពីក្មេងទេ? វាហាក់បីដូចជាជីវិតដ៏អស្ចារ្យ និងសាមញ្ញណាស់។ ក្មេងៗមិនមានការខ្វល់ខ្វាយច្រើនទេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលយើងធំឡើង ក្តីបារម្ភអំពីជីវិតក៏កើតឡើង មិនថាការព្រួយបារម្ភអំពីការចិញ្ចឹមគ្រួសារ ជំងឺ បញ្ហាផ្សេង ឬគ្រោះមហន្តរាយនោះទេ។ តើយើងអាចស៊ូទ្រាំនឹងភាពមិនច្បាស់លាស់ក្នុងជីវិត និងការព្រួយបារម្ភនេះយ៉ាងដូចម្តេចបាន?
លោកអ្នកនឹងរស់នៅដោយការព្រួយបារម្ភ និងការថប់ព្រួយនៅពេលដែលលោកអ្នករស់នៅដោយគ្មានព្រះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងព្រះគម្ពីរទំនុកដំកើង ព្រះគម្ពីររ៉ូម បានបង្រៀនយើងពីរបៀបនៅក្នុងការរស់នៅអោយបានត្រៀមត្រូវ។
នេះគឺជាវិធីទាំងប្រាំ ដែលយើងអាចជួយយើងអោយដោះស្រាយជាមួយការថប់បារម្ភបាន៖
១. ចូរសម្លឹងមើលទៅកាន់
ព្រះជាម្ចាស់
ទំនុកតម្កើង ១៦:៨ ចែងថា៖ ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំបានជាទូលបង្គំមិនត្រូវរង្គើឡើយ។
នៅពេលដែលយើងផ្តោតភ្នែករបស់យើងមើលទៅកាន់ព្រះជាម្ចាស់ ហើយថ្វាយរាល់ទាំងបញ្ហារបស់យើងទៅកាន់ព្រះ នោះយើងនឹងចាប់ផ្តើមមើលឃើញអំណាច និងព្រះចេស្តារបស់ទ្រង់។ ទ្រង់គង់ជាមួយយើងដើម្បីជួយយើងអោយឆ្លងកាត់បញ្ហាបាន!
២. ទោះបីជាយើងឆ្លងកាត់ការ
លំបាកយ៉ាងណាក៏ដោយ
ព្រះគង់នៅជាមួយយើងជានិច្ច!
ទំនុកតម្កើង ២៣:៤ ចែងថា៖ អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ។
សេចក្តីពិតដ៏អស្ចារ្យនោះគឺថា ព្រះអម្ចាស់ដែលពេញដោយក្តីស្រលាញ់ ទ្រង់កំពុងគង់ជាមួយយើង!
៣. ទ្រង់ពេញដោយក្តីស្រលាញ់
និងស្មោះត្រង់
នៅពេលដែលយើងខ្វល់ខ្វាយ យើងត្រូវផ្ដោតចិត្តគំនិតរបស់យើង ទៅលើចរិតលក្ខណៈរបស់ព្រះជាម្ចាស់។
នៅក្នុងព្រះគម្ពីរ បរិទេវ៣:២២-២៣ បានចែងថា គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់។
៤. យើងអាចមានក្តីសង្ឃឹមដ៏មិនចេះរលត់ឡើយ
រ៉ូម ៨:៣៨-៣៩ បានចែងថា៖ ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ៣៩ ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។
នៅក្នុងព្រះគម្ពីរទំនុកដំកើង និងព្រះគម្ពីររ៉ូម សុទ្ធតែបានប្រាប់យើងអំពីការមានក្តីសង្ឃឹមដ៏អស់លក្បជានិច្ច មិនមែនដោយសារយើងជាមនុស្សល្អទេ ប៉ុន្តែដោយសារយើងទុកចិត្តដល់ព្រះអង្គសង្រ្គោះជាព្រះអម្ចាស់របស់យើង គឺព្រះយេស៊ូវគ្រីស្ទ។ សម្រាប់អស់អ្នកដែលទុកចិត្តដល់ព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងទទួលបានការធានាអំពីជីវិតដ៏អស់កល្បជានិច្ចជាមួយនឹងទ្រង់ ហើយគ្មានអ្វីដែលអាចបំបែកយើងចេញពីក្តីស្រលាញ់របស់ព្រះជាម្ចាស់បានឡើយ!
៥. យើងអាចថ្វាយរាល់ការ
ខ្វល់ខ្វាយរបស់យើងដល់ព្រះ
ហើយទុកចិត្តទ្រង់
ម៉ាថាយ ១១:២៨-៣០ បានចែងថា ៖ អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។
ព្រះគម្ពីរភីលីព ៤:៦-៧ បានចែងថា៖
កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដោយសារយើងមានព្រះដ៏មានព្រះឬទ័យស្រលាញ់ នោះយើងអាចថ្វាយរាល់ទាំងការព្រួយបារម្ភរបស់យើងដល់ទ្រង់បាន នោះទ្រង់សព្វព្រះទ័យអោយយើងបានសម្រាក នៅក្នុងសេចក្តីស្រលាញ់របស់ទ្រង់។
សេចក្តីអធិស្ឋាន
ឳព្រះអម្ចាស់ជាព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណទ្រង់ចំពោះការយកព្រះទ័យទុកដាក់ចំពោះទូលបង្គំ និងស្រលាញ់ទូលបង្គំ។ ទូលបង្គំសូមចូលមកចំពោះទ្រង់ដោយមានចិត្តរាបទាប ហើយអធិស្ឋានសុំឱ្យទ្រង់បានយកព្រះទ័យទុកដាក់ចំពោះទូលបង្គំ ហើយប្រទានឱ្យបង្គំនូវសេចក្តីសុខសាន្តនៅក្នុងចិត្ត។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន!