តើយើងអាចយកឈ្នះអំពើបាបបានដោយរបៀបណា?

Hopeless

តើលោកអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនឯងកំពុងរស់នៅក្នុងជីវិតមួយដែលពោរពេញដោយអំពើបាបដែររឬទេ?

តើអំពើបាបបានក្លាយទៅជាទម្លាប់មួយ ដែលលោកអ្នកតែងតែប្រព្រឹត្ត ហើយលោកអ្នកមិនដឹងថាត្រូវធ្វើដូចម្តេច ដើម្បីយកវាចេញពីជីវិតរបស់លោកអ្នកមែនទេ ?

ទោះបីជាលោកអ្នកសម្រេចចិត្តថាមិនប្រព្រឹត្តអំពើបាបក៏ដោយ ក៏លោកអ្នកនៅតែបន្តធ្វើវាដោយមិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយបន្ទាប់មកលោកអ្នកក៏មានអារម្មណ៍ថាស្តាយក្រោយ​ ហើយត្រូវការការអត់ទោស។


មានពេលខ្លះ យើងដឹងថាអ្វីដែលយើងធ្វើជាភាពមិនត្រឹមត្រូវ ប៉ុន្តែយើងមិនអាចបញ្ឈប់ខ្លួនឯងបាន។ យើងខិតខំយ៉ាងខ្លាំង ដើម្បីកែប្រែខ្លួនឯង ហើយព្យាយាមដកយករាល់ទម្លាប់មិនល្អចេញពីជីវិតរបស់យើង ប៉ុន្តែនៅទីបំផុតយើងនៅតែមិនអាចធ្វើវាបាន។ ត្រូវចាំថាមានខ្មាំងសត្រូវ ដែលវាតែងតែធ្វើគ្រប់យ៉ាងដែលវាអាចធ្វើទៅបាន ដើម្បីអោយយើងអស់សង្ឃឹម ជាប់ក្នុងបញ្ហា និង ស្ថានភាពមិនល្អ ដែលយើងកំពុងជួបប្រទះ ជាពិសេសធ្វើអោយយើងឃ្លាតឆ្ងាយពីព្រះវត្តមានរបស់ព្រះជាម្ចាស់

ប៉ុន្តែព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់ ពីរបៀបដែលយើងអាចយកឈ្នះអំពើបាបបាន។

 

ជឿថាព្រះយេស៊ូវគ្រីស្ទជាព្រះដ៏ពិត

ត្បិតនៅក្នុងព្រះគម្ពីរ រ៉ូម ១០:៩ បានចែងមកថា

បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត។

បើសិនជានរណាម្នាក់ ចង់ទទួលបាននូវសេចក្តីសង្រ្គោះ ហើយមានសេរីភាពពីអំពើបាប យើងត្រូវជឿចេញពីក្នុងចិត្ត ហើយថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទជាព្រះដ៏ពិត ទ្រង់ជាព្រះសង្គ្រោះនៃមនុស្សលោក។

 

តើការទាំងអស់នេះមានន័យបែបណា ?

គឺយើងត្រូវស្តាប់បង្គាប់ ដើរតាម និងរស់នៅតាមការបង្រៀនរបស់ព្រះអង្គ។

 

ព្រះទ្រង់អាចលាងសំអាតយើងចេញពីអំពើបាប

នៅក្នុងព្រះគម្ពីរ ១យ៉ូហាន ១:៩ បានចែងថា  បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។

ព្រះទ្រង់អត់ទោសដល់យើងរាល់គ្នា ដោយសារការលះបង់របស់ព្រះយេស៊ូវគ្រីស្ទ ហើយយើងអាចផ្លាស់ប្តូរខ្លួនឯងបាន ដោយមានព្រះអង្គដែលតែងតែគង់ជាមួយយើង ទ្រង់ចាំជួយ ហើយប្រទានម្លាំងដល់យើង។

 

ទុកព្រះបន្ទូលព្រះក្នុងដួងចិត្តរបស់យើង

មួយវិញទៀតក្នុងព្រះគម្ពីរទំនុកដំកើង ១១៩:១១ បានចែងទូលបង្គំ​បាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ។

វិធីសាស្ត្រមួយ ដែលអាចជួយយើងអោយឈប់ប្រព្រឹត្តអំពើបាបតទៅទៀតបាន នោះគឺការចងចាំនូវខរព្រះម្ពីរ និង បញ្ញត្តិរបស់ព្រះដែលបានចែងមក ហើយតែងតែយកមកគិតក្នុងចិត្ត នោះប្រាកដណាស់ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើង អោយបានផ្លាស់ប្តូរខ្លួនឯង ហើយយកឈ្នះនូវរាល់អំពើបាបរបស់យើងបាន។


សេចក្តីអធិស្ឋាន

ឳព្រះអម្ចាស់ជាព្រះនៃទូល​បង្គំអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលស្រឡាញ់ទូលបង្គំ។ ព្រះអង្គអើយ ទូលបង្គំទូលសូមដើម្បីអោយទ្រង់បានអត់ទោសអំពើបាបដល់ទូលបង្គំ ព្រមទាំងសូមលាងសំអាតបង្គំចេញពីភាពកង្វក់នៃអំពើបាបរបស់ទូលបង្គំ អោយបានស្អាតបរិសុទ្ធនៅក្នុងទ្រង់ ព្រមទាំងជួយកុំអោយបង្គំបានប្រព្រឹត្តអំពើបាបម្តងហើយម្តងទៀតទាស់នឹងទ្រង់ឡើយ។

ទូលបង្គំសូមអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន។