ដំណោះស្រាយសម្រាប់ភាពអស់សង្ឃឹម

Hopeless

សេចក្តីផ្តើម

នៅពេលខ្លះជីវិតរបស់យើងនៅលើផែនដីនេះអាចជួបនូវរឿងដែលមិនគួរអោយជឿ។ មិនថាជាការតស៊ូ ដើម្បីប្រកបមុខរបស់រកប្រាក់ចំណូលជាប្រចាំថ្ងៃដើម្បីចិញ្ចឹមគ្រួសារ ការតស៊ូវនឹងជំងឺ ការខកចិត្ត និងក្តីសុបិន្តជាដើម។ ពេលខ្លះភាពអស់សង្ឃឹមបានគ្របសង្កត់យើង។ នៅក្នុងបញ្ហាទាំងអស់នេះ សំនួរមួយលេចឡើង តើព្រះនៅឯណា?


នៅក្នុងព្រះគម្ពីរយើងអាចមើលឃើញថា ព្រះជាម្ចាស់ទ្រង់មិនដែលភ្លេចយើងឡើយ ឬទ្រង់កំពុងតែគេលក់នោះឡើយ។ ផ្ទុយទៅវិញ យើងអាចមើលឃើញថា ព្រះហឬទ័យទ្រង់កំពុងយកចិត្តទុកដាក់ចំពោះយើង។ មានការចំនួន ៥ ដែលបានចែងនៅក្នុងព្រះបន្ទូលសន្យរបស់ទ្រង់ ដើម្បីជួយដល់លោកអ្នកដោះស្រាយចំពោះភាពអស់សង្ឃឹម។​

 

១. ចូរទុកចិត្តដល់ទ្រង់ ទ្រង់គង់នៅខាងយើងជានិច្ច

ព្រះគម្ពីរអេសាយ ៤១:១០ កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ។​


២. ព្រះទ្រង់ប្រទានកម្លាំងដល់យើង

ព្រះគម្ពីរចោទិយកថា ៣១:៦  ដូច្នេះ​ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្តី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ។


៣. ព្រះអង្គជាទីទុកចិត្ត និងស្មោះត្រង់

នៅពេលដែលយើងជួបបញ្ហា ជាការល្បួងមួយដែលធ្វើអោយយើងគិតថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានភ្លេចយើងហើយ។ តាមពិត នោះជាការយល់ខុសយ៉ាងខ្លាំង។

នៅក្នុងព្រះគម្ពីរ បរិទេវ ៣:២២-២៣​ បានចែងថា គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់។

 

២ថែស្សាឡូនីច ៣:៣ តែ​ព្រះអម្ចាស់​ទ្រង់​ស្មោះត្រង់ ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ហើយ​ការពារ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​ផង។ ទ្រង់ជាទីទុកចិត្តរបស់យើង!


៤. យើងអាចមានក្តីសង្ឃឹមជានិច្ច

នៅក្នុងព្រះគម្ពីររ៉ូម ៨:៣៨-៣៩ បានចែងថា៖ ដ្បិត​ខ្ញុំ​ជឿជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិឫទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ។


ព្រះបន្ទូលទ្រង់បានប្រាប់ដល់យើងអំពីក្តីសង្ឃឹមដ៏អស់កល្បជានិច្ច មិនមែនដោយសារតែយើងជាមនុស្សល្អទេ ប៉ុន្តែដោយសារយើងបានទុកចិត្តដល់ព្រះអង្គដ៏ជាព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។ សម្រាប់អស់អ្នកដែលទុកចិត្តដល់ព្រះយេស៊ូវគ្រីស្ទ នោះនឹងមានការធានាអំពីជីវិតដ៏អស់កល្បជានិច្ចជាមួយនឹងព្រះ ហើយគ្មានអ្វីដែលអាចមកបំបែកយើងចេញពីសេចក្តីស្រលាញ់របស់ព្រះអង្គឡើយ។ នោះហើយជាក្តីសង្ឃឹមដែលយើងត្រូវការ!

 

៥. ព្រះទ្រង់មានផែនការដ៏ល្អសម្រាប់លោកអ្នក

ទ្រង់បានប្រទាននូវសេចក្តីសន្យា ដល់អស់អ្នកដែលទុកចិត្តដល់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។

ព្រះគម្ពីរយេរេមា ២៩:១១ បានចែងថា ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​ស្គាល់​សេចក្តី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្តី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្តី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម។​ ជាការដ៏អស្ចារ្យណាស់ដែលព្រះអម្ចាស់នៃសកលលោក ទ្រង់បានស្គាល់លោកអ្នក ហើយមានផែនការដ៏ល្អសម្រាប់លោកអ្នក។

 

សេចក្តីអធិស្ឋាន

ព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ស្រលាញ់ដល់ទូលបង្គំ ហើយយកចិត្តទុកដាក់ចំពោះទូលបង្គំ ហើយទ្រង់យកព្រះទ័យទុកដាក់ចំពោះទូលបង្គំ ព្រមទាំងប្រទានក្តីសង្ឃឹមដល់ទូលបង្គំ។ ទ្រង់ក៏បានគង់នៅជាមួយនឹងទូលបង្គំ ដូចដែលទ្រង់បានមានព្រះបន្ទូលសន្យា។