ខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្ត
មានពេលមួយខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានគោលបំណងអ្វីសោះនៅក្នុងជីវិត ជីវិតគ្មានន័យ ហើយគ្មាននរណាខ្វាយខ្វល់ និង ស្រឡាញ់ខ្ញុំឡើយ។ នៅក្នុងស្ថានភាពដែលពោរពេញដោយការច្របូកច្របល់នេះ មិនថានៅពេលខ្ញុំចូលគេង ប៉ុន្តែនៅក្នុងខួរក្បាលរបស់ខ្ញុំ រឿងរ៉ាវទាំងអស់នៅតែបន្តអោយខ្ញុំគិតប្រៀបដូចជាខ្សែភាពយន្ត។ វត្តមានរបស់បុគ្គលដែលធ្លាប់ធ្វើអោយខ្ញុំឈឺចាប់ បានលេចឡើងមកក្នុងគំនិតខ្ញុំដូចជាតួសម្តែងក្នុងភាពយន្ត។ ខ្ញុំមិនដឹងត្រូវធ្វើអ្វីទៀតទេ ព្រោះខ្ញុំមិនអាចទ្រាំទ្រជាមួយរឿងរ៉ាវទាំងអស់នេះបន្តទៀតឡើយ។ ខ្ញុំអស់សង្ឃឹម ខ្ញុំបានបាត់បង់នូវទំនុកចិត្តខ្លួនឯងទាំងស្រុង។ ហាក់បីដូចជា ពេលវេលានោះជាយប់ចុងក្រោយក្នុងជីវិតរបស់ខ្ញុំអញ្ចឹង។
ខ្ញុំអត់បានចាំទេថា ខ្ញុំបានគេងលង់លង់តាំងពីពេលណានៅយប់នោះ ក៏ប៉ុន្តែពេលខ្ញុំភ្ញាក់ឡើខ្ញុំបានយកព្រះគម្ពីរមកអាន ពេលដែលខ្ញុំចាប់ផ្តើមអាន ក៏មានខរគម្ពីរមួយលេចមកអោយខ្ញុំឃើញនៅក្នុង
យ៉ូហាន ១:១២
ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ។
ក្រោយពេលដែលខ្ញុំបានអានព្រះបន្ទូលនេះហើយ ចិត្តរបស់ខ្ញុំបានផ្លាស់ប្តូរ ពីព្រោះខ្ញុំបានរកឃើញនូវសេចក្តីសង្ឃឹម ខ្ញុំបានដឹងថាព្រះទ្រង់ជាម្នាក់ដែលខ្ញុំពិតជាត្រូវការនូវទំនាក់ទំនងជាមួយទ្រង់ ពីព្រោះគ្រប់យ៉ាងដែលច្របូកច្របល់ក្នុងចិត្តខ្ញុំ កើតមកពីពាក្យសម្តីរបស់អ្នកដទៃ ដែលបានជះឥទ្ធិពលមកកាន់ខ្ញុំ។
សេចក្តីពិតគ្មានភាពលួងលោមនោះទេ ។ មនុស្សអាចចាប់ផ្តើម នូវការចាប់ផ្តើមធ្វើដំណើរជាថ្មីបាន នៅពេលគេជ្រើសរើសគោលដៅថ្មីខ្លួនគេ។ ពេលនោះខ្ញុំបានរកឃើញទំនាក់ទំនងដ៏ពិតប្រាកដជាមួយព្រះ និងរឿងរ៉ាវចាស់ៗពីអតីតកាល ដែលធ្វើអោយខ្ញុំឈឺចាប់ ត្រូវបានរសាយបាត់ទៅ ដូចបានបង្ហាញក្នុងព្រះបន្ទូល
២កូរិនថូស ៥:១៧
បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ។
របួសក្នុងចិត្តរបស់ខ្ញុំ បានចាប់ផ្តើមជាសះស្បើយក្នុងពេលដែលខ្ញុំក្លាយជាបុគ្គលរឹងមាំក្នុងព្រះគ្រីស្ទ ដែលទ្រង់បានធ្វើការក្នុងដួងចិត្តដ៏ប្រេះស្រាំរបស់ខ្ញុំ។ ពីព្រោះព្រះ នឹងផ្លាស់ប្រែអ្វីៗអោយបានស្រស់បំព្រងឡើងវិញ នៅពេលវេលាដែលល្អបំផុត។ ខ្ញុំបានឃើញការផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ខ្ញុំពិតជាត្រូវការទ្រង់ណាស់។
មានមនុស្សជាច្រើនដែលកំពុងសោកសៅក្នុងជីវិត ហើយអស់សង្ឃឹម ពីព្រោះយើងមិនអាចលើកបន្ទុកទាំងអស់នេះតែម្នាក់ឯងបានឡើយ ។
បើសិនយើត្រូវការ ការសម្រាកដ៏ពិតប្រាកដ យើងត្រូវស្វែងរកព្រះអង្គ ហើសំរាកក្នុងវត្តមានទ្រង់ដូចបានបង្ហាញក្នុងព្រះគម្ពីរ
ម៉ាថាយ ១១:២៨-២៩
អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង។
ប្រសិនបើលោកអ្នកកំពុងប្រឈមមុខនឹងបញ្ហាដូចខ្ញុំ សូមលោកអ្នកចូលមកស្វែងរកព្រះ និង ថ្វាយរាល់បន្ទុកបញ្ហាទៅកាន់ទ្រង់។ ប្រសិនទំនាក់ទំនងរបស់អ្នកជាមួយព្រះមានភាពរឹងមាំ ទ្រង់នឹងផ្ទុកបន្ទុកបញ្ហាជំនួសលោកអ្នក លោកអ្នកនឹងពេញដោយក្តីស្រឡាញ់ និងសេចក្តីសុខសាន្តដ៏ពិតប្រាកដ។
សេចក្តីអធិស្ឋាន
សូមព្រះយេស៊ូវគ្រីស្ទបានព្យាបាលដួងចិត្ត ដែលបានប្រេះស្រាំរបស់ទូលបង្គំផង បំពេញចិត្តកូននូវសេចក្តីសុខសាន្ត និង អំណរ ដែលមានតែមកពីទ្រង់ទេក្នុងពេលដ៏លំបាកនេះ ទូលបង្គំចង់នៅជាមួយទ្រង់ជារៀងរហូតតទៅ ទូលបង្គំជឿថាមានតែទ្រង់ទេ ដែលអាចព្យាបាលទូលបង្គំបាន ទូលបង្គំសូមអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន។