តើអ្វីជាគោលបំណងជីវិតរបស់ខ្ញុំ?

នៅព្រឹកមួយនៅពេលភ្ញាក់ពីគេ ស្រាប់តែមានគំនិតមួយបានចូលមកខួរក្បាលរបស់ខ្ញុំថា គោលបំណងជីវិតរបស់ខ្ញុំគឺ ក្រោកពីព្រលឹម ដើម្បីញាំ ផឹក ធ្វើការងារខ្លះៗ រួចក៏ចូលគេងវិញ ហើយវាជាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ។ ប៉ុន្តែក្រោយមកខ្ញុំក៏បានគិតថា ព្រះមិនបានបង្កើតខ្ញុំសម្រាប់គោលបំណងនោះតែមួយនោះទេ។ ខ្ញុំដឹងថា ព្រះជាម្ចាស់បានបង្កើតខ្ញុំមកអោយដូចជារូបអង្គទ្រង់ ហើយខ្ញុំពិតជាមិនយល់អំពីគោលបំណងនៃជីវិតរបស់ខ្ញុំទេ។
ខ្ញុំបានក្រឡេកមើលមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំ ដើម្បីមើលថាតើពួកគេកំពុងធ្វើអ្វីនៅក្នុងជីវិតរបស់ពួកគេ ហើយខ្ញុំបានរកឃើញថា ជីវិតរបស់មនុស្សភាគច្រើនគឺស្រដៀងគ្នាបេះបិទ។ មនុស្សគ្រប់គ្នាក្រោកពីព្រលឹម ទៅធ្វើការ រស់នៅជាមួយគ្រួសារ ហើយថ្ងៃស្អែកពួកគេធ្វើអញ្ចឹងដដែលៗ។
ខ្ញុំជាជំនួយការអ្នកយកសារព័ត៌មានឲ្យប៉ុស្តិ៍ទូរទស្សន៍មួយ។ ខ្ញុំទៅធ្វើការនៅពេលព្រឹក ហើយត្រឡប់មកវិញនៅពេលល្ងាច ហើយក៏ចូលគេង ហើយថ្ងៃស្អែកខ្ញុំទៅធ្វើការទៀត។ ប៉ុន្តែថ្ងៃមួយ ខ្ញុំបានរកឃើញព្រះ ដែលបានបង្កើតខ្ញុំ និងដាក់ខ្ញុំនៅក្នុងពិភពលោកនេះដោយមានគោលបំណងមួយ ប៉ុន្តែខ្ញុំមិនដែលចង់ដឹងអំពីគោលបំណងនោះទេ។ ហេតុអ្វីបានជា ព្រះដាក់ខ្ញុំក្នុងពិភពលោកនេះ។ ប្រហែលជាពេលវេលា ស្ថានភាព និងភាពលំបាកៗនៅក្នុងពិភពលោកនេះមិនបានផ្តល់ពេលវេលាអោយខ្ញុំបានគិតអំពីវាហើយមើលទៅ។ ប៉ុន្តែពេលនេះ ដល់ពេលដែលខ្ញុំត្រូវគិតអំពីអ្នកដែលបានបង្កើតខ្ញុំមក ហើយដាក់ខ្ញុំក្នុងគោលបំណងអ្វីមួយហើយ។ ខ្ញុំក៏ចាប់ផ្តើមសួរមនុស្សជាច្រើនអំពីព្រះ។
ប៉ុន្តែតាមការបកស្រាយរបស់ពួកគេ ពួកគេមានការយល់ឃើញអំពីព្រះខុសៗគ្នា។ ហើយខ្ញុំមានការខកចិត្តខ្លាំងណាស់ ពីព្រោះមនុស្សដែលខ្ញុំបានជួប ពួកគេមានភាពឆេះឆួលក្នុងសាសនារបស់ពួកគេ ហើយពួកគេមិនបានបង្ហាញនូវអ្វីដែលខ្ញុំចង់ដឹងនោះទេ។ ផ្ទុយទៅវិញ នៅពេលខ្ញុំនិយាយជាមួយនឹងពួកគេហើយ ខ្ញុំប្រែទៅជាមានអារម្មណ៍ភ័យខ្លាចទៅវិញ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនគួរនិយាយជាមួយនរណាម្នាក់ទៀតទេ។
ប៉ុន្តែធ្លាប់អធិស្ឋានជារៀងរាល់យប់ ដោយមានតែមួយប្រយោគថា «បើសិនទ្រង់ជាព្រះមែន ហើយស្គាល់ទូលបង្គំ សូមមានបន្ទូលមកកាន់ទូលបង្គំផង»។ ហើយនៅពេលយប់នោះខ្ញុំក៏បានគេងលក់ មាននរណាម្នាក់ហៅឈ្មោះខ្ញុំ ហើយខ្ញុំក៏ក្រោកឡើងអង្គុយដោយអារម្មណ៍ភ័យខ្លាច។ ប៉ុន្តែនៅពេលបន្ទាប់ ខ្ញុំក៏បាននឹកចាំពីអ្នកដែលបានហៅខ្ញុំជារៀងរាល់ថ្ងៃ មុនពេលចូលគេង ពេលខ្ញុំភ្ញាក់ឡើង ហើយប្រហែលនេះជាលើកទីមួយហើយ ដែលខ្ញុំបានអធិស្ឋានអស់ពីចិត្ត។ ព្រះបានបង្ហាញផ្លូវដើម្បីជួយដល់ខ្ញុំ។ ខ្ញុំចាប់ផ្តើមអានព្រះគម្ពីរដំណឹងល្អយ៉ូហាន តាំងពីថ្ងៃដែលខ្ញុំបានរកឃើញអត្តសញ្ញាណរបស់ខ្ញុំ គឺខគម្ពីរដំណឹងល្អយ៉ូហាន ១:១២ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ។
ពេលខ្ញុំដឹងថា ព្រះជាម្ចាស់ទ្រង់ស្រលាញ់ខ្ញុំ ហើយតែងតែឱបខ្ញុំ នៅពេលគ្មានអ្នកឱបខ្ញុំ។ វាបានផ្លាស់ប្តូរការគិតរបស់ខ្ញុំ និងរបៀបដែលខ្ញុំគត និងមានអារម្មណ៍ភ្ញាក់គិតអំពីពិភពលោក និងមនុស្ស។ ហើយខ្ញុំបានរកឃើញថា ការខកចិត្ត និងរឿងដែលបានកើតឡើងនៅក្នុងជីវិតខ្ញុំ មិនមែនដោយសារព្រះទេ គឺដោយសារទ្រង់ស្រលាញ់ខ្ញុំ។
នៅពេលដែលខ្ញុំពង្រឹងទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងព្រះ ទ្រង់បានរំលឹកខ្ញុំអំពីសុភាសិតមួយឃ្លាថា ការដែលភ្លេចពេលវេលានៅពេលព្រឹក នោះមិនមែនមានន័យថា ពេលល្ងាចមិនអាចចូលមកដល់នោះទេ ដូច្នេះហើយ មិនមែនអស់អ្នកដែលបានវង្វេងក្នុងពិភពលោកនេះ ហើយមិនអាចស្វែងរកគោលដៅឃើញនោះទេ។ ដូច្នេះហើយវាពិតណាស់ដែលយើងគួរដឹងទាំងអស់គ្នា។ ពិតណាស់ គ្រប់គ្នាគិតថាខ្ញុំវង្វេងក្នុងជីវិតដែលគ្មានគោលដៅ ប៉ុន្តែមិនមែនមានន័យថា យើងបាត់បង់តម្លៃរបស់យើងទេ ប៉ុន្តែអ្នកនឹងខ្ញុំត្រូវនឹកចាំជានិច្ចថា ព្រះជាម្ចាស់កំពុងរង់ចាំយើងត្រឡប់មកវិញជានិច្ច។
យើងនឹងអាចស្វែងរកគោលបំណងជីវិតរបស់យើងឃើញ ដោយគ្រាន់តែចូលមករកព្រះ។ ដោយសារតែទ្រង់មានផែនការដ៏អស្ចារ្យសម្រាប់យើង។ ប៉ុន្តែមានវិធីមួយ ខ្ញុំចង់ប្រាប់លោកអ្នកនូវរឿងមួយចំនួន នៅក្នុងការជួយដល់លោកអ្នកអោយដឹងអំពីគោលបំណងនៃជីវិតរបស់លោកអ្នក។
ចាប់ផ្តើមអធិស្ឋានដល់ព្រះ
ប្រសិនបើលោកអ្នកកំពុងប្រឈមមុខនឹងបញ្ហានេះ ចូរទូលសុំដល់ព្រះនៅថ្ងៃនេះថា សូមទ្រង់បានប្រទានប្រាជ្ញា និងការយល់ដឹងដល់លោកអ្នក។ដាក់ដួងចិត្តរបស់លោកអ្នកនៅក្នុងព្រះបន្ទូលរបស់ទ្រង់វិធីតែមួយដែលដឹងថាព្រះជាម្ចាស់មានបន្ទូលមកកាន់យើង គឺតាមរយៈព្រះការអានព្រះគម្ពីរ។ នេះមានន័យថា បើលោកអ្នកចង់ស្គាល់ព្រះហឬទ័យរបស់ព្រះ នោះលោកអ្នកត្រូវតែអានព្រះបន្ទូលរបស់ព្រះ ដោយការអធិស្ឋាន ដើម្បីអោយព្រះទ្រង់បានមានបន្ទូលមកកាន់លោកអ្នក។ ព្រះគម្ពីរទំនុកដំកើង ១១៩:១០៥ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង។ដាក់មនុស្សល្អៗនៅក្នុងជីវិតរបស់លោកអ្នក
ទុកចិត្តព្រះជាម្ចាស់ជានិច្ច
ដំណើរស្វែងរកគោលបំណងជីវិតរបស់លោកអាចជាការលំបាក នឿយហត់ ឬពេលខ្លះពោពេញដោយភាពរីករាយក៏ថាបាន។ ដោយសារពេលខ្លះលោកអ្នកចង់ធ្វើដំណើរទៅមុខ ប៉ុន្តែមិនដឹងថាត្រូវធ្វើដំណើរដោយរបៀបណា ដូច្នេះនៅពេលដែលលោកអ្នកស្វែងរកឃើញនូវគោលបំណងជីវិត នោះលោកអ្នកនឹងដឹងថាអ្វីដែលលោកអ្នកកំពុងធ្វើកំពុងមានឥទ្ធិពលប៉ុណ្ណា។ មិនដូច្នោះទេ ប៉ុន្តែចូរទុកចិត្តព្រះជាម្ចាស់ ព្រោះខ្ញុំជឿថាព្រះនឹងនាំលោកអ្នកទៅកាន់ផ្លូវរបស់ទ្រង់។
ព្រះគម្ពីរទំនុកដំកើង ២៣:២-៣ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិតដោយយល់ដល់ព្រះនាមទ្រង់។ ទ្រង់ណែនាំផ្លូវខ្ញុំ តាមផ្លូវដ៏ត្រឹមត្រូវរបស់ទ្រង់ សម្រាប់ជាប្រយោជន៍ដល់ទ្រង់។ ចូរចាំថា នៅក្នុងជីវិតនេះ យើងខ្សោយណាស់ ប៉ុន្តែព្រះជាម្ចាស់ទ្រង់ខ្លាំង។
ការអធិស្ឋាន
ឱព្រះជាម្ចាស់អើយ ទូលបង្គំអធិស្ឋានសូមទ្រង់បានរំលឹកទូលបង្គំថា ទូលបង្គំទាំងអស់គ្នាជាផ្នែកមួយនៃការកសាង និងពង្រីកនរគរបស់ព្រះអង្គ។ ទូលបង្គំទូលសុំឱ្យទ្រង់បានផ្តល់ឱ្យទូលបង្គំនូវចក្ខុវិស័យថ្មី សម្រាប់គោលបំណងរបស់ទ្រង់នៅក្នុងជីវិតរបស់យើង។ ទូលបង្គំសុំឱ្យទ្រង់បានបើកភ្នែក ត្រចៀក ដួងចិត្ត គំនិតរបស់ទូលបង្គំចំពោះចក្ខុវិស័យរបស់ទ្រង់ ដើម្បីទូលបង្គំអាចរស់នៅព្រះហឬទ័យរបស់ទ្រង់។ សូមដកនូវរាល់អ្វីៗ ដែលរារាំងទូលបង្គំ មិនអោយយល់ពីចក្ខុវិស័យរបស់ទ្រង់។ ទូលបង្គំអធិស្ឋាន សូមអោយទ្រង់បានឱ្យយើងកាន់តែជិតទ្រង់។ ទូលបង្គំអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។